ឯកឧត្តម ប្រាក់ សោភ័ណ ផ្ដល់អនុសាសន៍មួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀបរាប ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកា និងក្រុមប្រតិបត្តិ គួរសិក្សាអំពីលទ្ធភាពរកប្រភពចំណូលបន្ថែមទៀតនិង គួរបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពនិយោជិតទាំងសាខា និងអនុសាខា។
ឯកឧត្តម បន្តថា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលក្រុមប្រតិបត្តិត្រូវជារួមមាន៖ ១-មានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។ ២-បន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ៣-បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន ពិនិត្យ វាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។ ៤-បន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕