ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ចុះពិនិត្យការសាងសង់អគារសិក្សា សង់តាមរចនាបទបែបខ្មែរទំនើប ជូនសិស្សានុសិស្សវិទ្យាល័យសម្តេច ហេង សំរិន ចក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ និងមានបន្ទប់សិក្សាចំនួន ១៦បន្ទប់ (ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់) ក្នុងបរិវេណវិទ្យាល័យសម្តេច ហេង សំរិន ចក ដែលស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានជំរុញឱ្យក្រុមហ៊ុនសំណង់ និងក្រុមជាង យកចិត្តទុកដាក់លើគុណភាពសំណង់ និងដំណើរការសាងសង់ឱ្យសម្រេចបានតាមគម្រោង។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឧបត្ថម្ភ និងជួយបំពេញតាមបំណងប្រាថ្នាសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការសាងសង់អគារសិក្សា ១ខ្នង ខាងលើ ជាមួយរចនាបទបែបខ្មែរ និងមានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្សទាំងអស់ ដើម្បីក្លាយជាទំពាំងល្អ ស្នងឫស្សីនាពេលអនាគត ៕