កម្លាំងនគរបាលខណ្ឌកំបូល បង្ក្រាបក្រុមចោរធាក់ប្លន់ម៉ូតូ ចំនួន០៥នាក់
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមចោរធាក់ប្លន់ម៉ូតូចំនួន៥នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ជនសង្ស័យទាំង០៥នាក់រួមមាន៖ ទី១៖ ឈ្មោះ លី ចាន់សុថា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ នៅ វណ្ណៈ អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ សន សំណាងអាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ហម សុគន្ធ អាយុ១៨ឆ្នាំ និងទី៥៖ ឈ្មោះ រុន ជសីហ៌ អាយុ១៧ឆ្នាំ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ បុត្រ កំពុងរត់គេចខ្លួន។
ក្រោយពេលចាប់ខ្លួនក្រុមជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូបានសម្រេចចំនួន៣លើករួចមកហើយ ក្នុងនោះលើកទី១ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ លី ចាន់សុថា និងបក្សពួក៧នាក់ទៀត ជិះម៉ូតូចំនួន៤គ្រឿង ធាក់ប្លន់យកម៉ូតូមួយគ្រឿង ហុងដាសេ១២៥ស៊េរី ឆ្នាំ២០២០ពណ៌ខ្មៅ ពីជនរងគ្រោះនៅចំណុចផ្លូវបេតុងភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល។
លើកទី២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីនារីជនរងគ្រោះម្នាក់ ប្លន់យកបានម៉ូត១គ្រឿងម៉ាកហុងដាប៊ិតពណ៍ខៀវ លាយស នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ ខណ្ឌកំបូល និងលើកទី៣ នៅថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យមានគ្នាចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរីនៅម្ដុំវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តែមិនបានសម្រេចដោយសាម៉ូតូធ្លាក់ចូលក្នុងស្រែពិបាកលើ ហើយជនរងគ្រោះបានដក់សោររត់ស្រែកហៅឲ្យគេជួយទើប ពួកគេនាំគ្នាគេចខ្លួនរហូតមកដល់ពេលនេះ ក៏ត្រូវនគរបាលឃាត់ខ្លួនបាន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕