សម្ដេច ទៀ បាញ់ ជំរុញដល់ថ្នាក់ដឹកនាំ គណបក្សគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមឲ្យបានល្អប្រសើរ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ជំរុញដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តផ្ដាំផ្ញើឲ្យខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក។
សម្ដេចពិជ័យសេនា លើកឡើងយ៉ាងដូច្នេះក្នុងពិធីបង្ហាញមុខបេក្ខជន សមាជិកព្រឹទ្ធសភានីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សប្រជាជន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤ របស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិកសមាជិកា ប្រមាណជា១ពាន់នាក់ចូលរួមផងដែរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នៅក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។
សម្ដេចពិជ័យសេនា បានបន្តថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចបានអបអរសាទរចំពោះលោក លោកស្រី ទាំង២០រូប ទាំងពេញសិទ្ធិ និងត្រៀមបម្រុង ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្ត ចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង និងជូនពរដល់លោក លោកស្រី ជាបេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នា ក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។
សម្ដេចពិជ័យសេនា បានបន្តទៀតថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តសៀមរាប សម្ដេចពិជ័យបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៅទូទាំងខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារបក្ស និងការងាររដ្ឋបាល សម្រេចបានសមទ្ធិផលជាច្រើន និងសំខាន់ការអនុវត្តការងារ និងត្រៀមរៀបចំការងារសំខាន់ៗ សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយ ចំនួនធំ ជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដើមី្បយកទៅអនុវត្តបន្តផងដែរ។
ជាមួយនេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ មាន២០រូប ពេញសិទ្ធិ១០រូប ត្រៀបម្រុង១០រូប ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តសៀមរាបផងដែរ ៕