ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ តាមការចាំបាច់របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត អភិបាលក្រុងស្រុក អធិការក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់។
ក្នុងថ្ងៃដដែលនោះ ប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានបន្តចុះពិនិត្យ ទីតាំងស្ថាបនាទំនប់ច្រាំងស្ទឹងការពារទឹកជំនន់ ស្ថិតក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកន្លងមកមានការបាក់ស្រុត ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕