ឧត្តមសេនីយ៍ទោ មៀច សាមុត បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចអន្តរាគមន៍២៨៥ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចអន្តរាគមន៍២៨៥ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
អនុសេនីយ៍ទោ សុខ ម៉ារ៉ាឌី នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងអានរបាយការណ៍ស្តីពីលទ្ធផលបូកសរុបក្នុងវគ្គហ្វឹកហ្វឺន រួមមាន ៖ សិក្ខាកាមសរុបចំនួន ៨០ នាក់ ទទួលបាននិទ្ទេសល្អ ចំនួន ៣៤នាក់ ស្មើនឹង ៤២.៥%; និទ្ទេសល្អបង្គួរ ចំនួន ៣៦នាក់ ស្មើនឹង ៤៥% និងនិទ្ទេសមធ្យម ចំនួន ១០នាក់ ស្មើនឹង ១២.៥% ។ វគ្គហ្វឹកហ្វឺនរយៈពេល ៦១ថ្ងៃ សិក្សាខ្លឹមសារមេរៀនមាន ៖ ជំនាញកាំភ្លើងថ្មើរជើង ,យុទ្ធវិធីថ្មើរជើង , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។
នាឱកាសនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួន ដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យ នៃការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។
តំណាងសិក្ខាកាមបានឡើងប្ដេជ្ញាចិត្តខិតខំយកចំណេះដឹង ចំណេះធ្វើ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងប្ដេជ្ញា មិនពាក់ព័ន្ធ ការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនដែលច្បាប់បានកំណត់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក៏បានឧបត្ថម្ភថវិកាបំប៉នបន្ថែមមួយចំនួន ជូនដល់គ្រូយោធាចារ្យ និងក្រុមការងាររៀបចំកម្មវិធី ៕