រដ្ឋបាលក្រុងសៀកមិន ចាត់ទុកជំនួបជាមួយគណៈប្រតិភូក្រសួងរៀបចំដែនដី ជាការសាបព្រោះគ្រាប់ពូជនៃទំនាក់ទំនងកាន់តែស្អិតរមួត ដែលនឹងលូតលាស់ជាស្លឹកបៃតង និងផ្លែផ្កានាពេលខាងមុខ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរមតិយោបល់ជាមួយលោក Zhang Jinjin អនុប្រធានមន្ទីរលំនៅឋាន និងសំណង់ ទីក្រុងសៀកមិន និងសហការី។ ក្នុងជំនួបនេះ មន្ទីរលំនៅឋាន និងសំណង់ ទីក្រុងសៀកមិន បានចែករំលែកបទពិសោធរបស់ខ្លួន ស្ដីអំពីសំណង់វៃឆ្លាត, ការរៀបចំអគារលំនៅឋានសង្គមកិច្ច, វិស័យអចលនទ្រព្យ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានបន្តដឹកនាំគណៈប្រតិភូក្រសួងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Zhang Zhihang អភិបាលរងក្រុងសៀមិន ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងផ្សាភ្ជាប់ការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Zhang Zhihang បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងចាត់ទុកជំនួបជាមួយគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការសាបព្រោះគ្រាប់ពូជនៃទំនាក់ទំនងកាន់តែស្អិតរមួត ដែលនឹងលូតលាស់ជាស្លឹកបៃតង និងផ្លែផ្កានាពេលដ៏ខ្លីខាងមុខ។
នៅល្ងាចថ្ងៃបន្ទាប់ គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zhang Zongyi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៀកមិន។ នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម Zhang Zongyi បានឯកភាពក្នុងការផ្ដល់សាស្រ្តចារ្យ និងអ្នកជំនាញបច្ចេកទេស ដើម្បីបណ្ដុះបណ្ដាលរយៈពេលខ្លី និងវែង ដល់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស ការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីក្រសួង លើជំនាញពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យសៀកមិនថែមទៀតផង តាមរយៈ ការពិនិត្យលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់ ដើម្បីផ្ដួចផ្ដើមកិច្ចសហការរយៈពេលវែង រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យសៀកមិន ដែលមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការកសាងមូលធនមនុស្សបន្ថែមនៅកម្ពុជា ៕