ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ត្រូវខិតខំយកចិត្តទុក្ខដាក់ឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាកសិករ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបងត្រូវពិចារណាឱ្យល្អិតល្អន់លើការរក្សាស្តុកទឹកទុកសម្រាប់មនុស្ស និងសត្វ ប្រើប្រាស់ប្រចាំថ្ងៃ នឹងត្រូវខិតខំយកចិត្តទុក្ខដាក់ឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាកសិករដែលបានបង្កបង្កើនផលរួចហើយ។
ការណែនាំបែបនេះបានធ្វើឡើង ក្នុងពេលឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចុះទៅមន្ទីធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីស្តាប់របាយការណ៍ពីកិច្ចអន្តរាគមន៍ នឹងពិនិត្យមើលម៉ាស៊ីនមូមទឹក និងគ្រឿងចក្រ សម្រាប់ធ្វើកិច្ចអន្តរាគមន៍បញ្ហាខ្វះទឹកបង្កបង្កើនផលស្រូវ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់មន្ទីធនធានទឹក និងឧតុនិយម ជាមួយមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថាទូទាំងខេត្តបាត់ដំបង មានស្រុកមោងឬស្សីមួយប៉ុនណោះដែលកំពុងជួបប្រទះបញ្ហាខ្វះទឹក។ ក្នុងនោះស្រុកមោងឬស្សី មានស្រូវរងផលប៉ះពាល់ដោយខ្វះខាតទឹក ចំនួន៤ឃុំ សរុបប្រមាណ៨០០០ហិចតា ។
ជាការឆ្លើយតប អាជ្ញាធរ ខេត្ត ស្រុក និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បានជួយសង្គ្រោះបានប្រមាណ២០០០ហិកតាហើយ ដោយឡែក នៅឃុំខ្លះប៉ះពាល់ តិចតួច មន្ទីរធនធានទឹកនិងឧតុនិយម និង មន្ទីរកសិកម្ម កំពុងសហការធ្វើការសង្គ្រោះជាបន្តបន្ទាប់៕