ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយ លេខាធិការប្រតិបត្តិអង្គការ UN-ESCAP
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Ms. Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងបានទស្សនាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។
លោជំទាវ អាមីដា សាល់សៃ អាលីហ្សាបាណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UN-ESCAP និងធនាគារជាតិនៃកម្ពុជា ដោយបានផ្តល់ផលវិជ្ជមាន ក្នុងការលើកកម្ពស់សហគ្រិនស្ត្រី និងការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន និងសង្គម។
លោកជំទាវក៏បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធធនាគារកម្ពុជា និងការធ្វើឌីជីថលូបនីកម្មនៃប្រព័ន្ធទូទាត់ផងដែរ។
លោកជំទាវទេសាភិបាលបានថ្លែងអំណរគុណ ចំពោះលោកជំទាវអគ្គលេខាធិការរង ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
លោកជំទាវបានថ្លែងអំណរគុណដល់ UN-ESCAP ជាពិសេស លោកជំទាវអគ្គលេខាធិការរងផ្ទាល់ ដែលគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី និងសហគ្រិនភាពស្ត្រី ព្រមទាំងបានជួយរៀបចំផែនការចង្អុលទិសហិរញ្ញប្បទានប្រកបដោយចីរភាពនៅកម្ពុជា ស្របតាមទិសដៅអាទិភាពរបស់ធនាគារជាតិនៃកម្ពុជាលើការរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើបញ្ហាការប្រែប្រួលអាកាសធាតុ បរិស្ថាននិងសង្គម។
លោកជំទាវបណ្ឌិតក៏បានជម្រាបជូនពីគោលដៅនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ ដើម្បីសម្រួលដល់ការទូទាត់ ភាពងាយទទួលបានសេវាទូទាត់ និងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។
លោជំទាវ អាមីដា បានកោតសរសើរចំពោះការរៀបចំរបស់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលពិតជាបានផ្តល់នូវចំណេះដឹងទាំងផ្នែកប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងរយៈពេល ២ សតវត្សរ៍ ប្រកបដោយភាពរស់រវើក និងទាន់សម័យ។ លោកជំទាវ អាមីដា ក៏បានបង្ហាញចន្ទៈបន្តគាំទ្ររបស់ UN-ESCAP លើការងារដែលបាននិងកំពុងអនុវត្តរួមគ្នា ជាពិសេសផ្អែកលើស្មារតីនៃអនុស្សរណនៃកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាពនៅកម្ពុជា សំដៅគាំទ្ររាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ៕