ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីពិនិត្យពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជាសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមអធិបតីឯកឧត្តមអគ្គបណ្ឌិសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំបានពិនិត្យពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗរួមមាន៖ ទី១.សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម, ទី២.សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម, ទី៣.របាយការណ៍ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងទី៤.កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។
សម្រាប់ “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម” និងអង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ក៏ដូចជាកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យក្លាយជាផែនការដ៏រឹងមាំ ក៏ដូចជាឧបករណ៍គតិយុត្តពេញលេញ ក្នុងការឈានទៅអនុវត្តការងារបរិវត្តកម្មឌីជីថល និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
បន្ថែមលើនេះ អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍ ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការវិនិយោគ និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះដំណើរការអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ដែលក្រុមប្រឹក្សាជាតិគាំពារសង្គមបានដាក់ចេញនាពេលកន្លងមក និងបានផ្ដល់ការណែនាំឱ្យពិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការវាយតម្លៃកម្មវិធីជំនួយសង្គមពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន របាយការណ៍នេះកាន់តែមានភាពពេញលេញ។
ក្នុងរបាយការណ៍ផងដែរ ដើម្បីឱ្យជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានកោតសរសើរក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធដែលបានខិតខំរៀបចំនូវសេចក្តីព្រាង ក៏ដូចជារបាយការណ៍ដែលមានសារៈសំខាន់ទាំងនេះ ដើម្បីចូលរួមបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តរឹងមាំមួយជំហានទៀត ៕