លីបង់រំពឹងថារុស្ស៊ីនឹងដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិមជ្ឈិមបូព៌ា
មូស្គូ៖ លីបង់រំពឹងថារុស្ស៊ីនឹងដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយស្ថានការណ៍ប្រែប្រួលនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសលីបង់ស្តីទី Abdallah Bou Habib បានប្រាប់ទូរទស្សន៍ Rossiya-១។
អ្នកការទូតកំពូលរបស់ប្រទេសលីបង់បានឲ្យដឹថា ឥឡូវនេះវាពិបាកក្នុងការនិយាយអំពីដំណើរការសន្តិភាពណាមួយនៅមជ្ឈិមបូព៌ា។ អ្នកការទូតសង្ឃឹមថារុស្ស៊ីនឹងដើរតួយ៉ាងសំខាន់ក្នុង (ការដោះស្រាយជម្លោះនេះ។ លោកបានបន្តថា៖ «បច្ចុប្បន្នសង្រ្គាមមួយកំពុងត្រូវបានធ្វើ ហើយការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពអ៊ីស្រាអែលនៅលីបង់ភាគខាងត្បូងកំពុងកើតឡើង។ ប៉ុន្តែខ្ញុំដឹងថា ប្រសិនបើមានឱកាសសម្រាប់សន្តិភាព រុស្ស៊ីនឹងធ្វើការឆ្ពោះទៅរកការបង្កើតសន្តិភាពក្នុងករណីណាមួយ»។
កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សមភាគីលីបង់ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងញូវយ៉កថា ការអូសទាញប្រទេសលីបង់ទៅក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺមិនអាចទទួលយកបានឡើយ។ លោក Lavrov បានអះអាងសារជាថ្មីអំពីជំហររបស់រុស្ស៊ីចំពោះការគាំទ្រមិនងាករេចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃសាធារណរដ្ឋលីបង់ ខណៈដែលលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការស្វែងរកដំណោះស្រាយឯកភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបានចំពោះបញ្ហាអាទិភាពលើរបៀបវារៈជាតិដោយជនជាតិលីបង់ខ្លួនឯង និងដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅណាមួយឡើយ។
ប្រភព៖ TASS
ប្រែសម្រួលដោយ៖ ឡាយ លីហួ