សម្តេចធិបតី៖ កងទ័ពកម្ពុជា បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា មិនត្រឹមតែបានចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើងនោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆត្រនៃអង្គការសហប្រជាជាតិទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យើងមិនត្រូវបានអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពនៅក្រៅប្រទេសបានទេ លើកលែងតែនៅក្រោមឆត្រអង្គការសហប្រជាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រោះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភ្លើងសង្គ្រាម ៕