សម្តេចធិបតី៖ កម្ពុជា គ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា បានខិតខំធ្វើទំនើបកម្មយោធា និងពង្រឹងសមត្ថភាពកងទ័ពដើម្បីការពារជាតិនិងប្រជាជន ហើយកម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ។
សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធិក្នុងការពង្រឹងសមត្ថភាពកងទ័ព ដូចបណ្តាប្រទេសផ្សេងៗដែរ ហើយកម្ពុជាគ្មានបំណងទៅបង្កើតសង្រ្គាមជាមួយអ្នកណានោះទេ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជា ធ្វើទំនើបកម្មកងទ័ពនេះ ក៏ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ ៕