សម្តេចធិបតី៖ ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងកសាងសមត្ថភាពកងទ័ព គឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតសង្គ្រាមជាមួយអ្នកណានោះទេ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងកសាងសមត្ថភាពកងទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការងារនេះខ្ញុំសូមបញ្ជាក់ម្ដងទៀត ការលើកឡើងនៅក្នុងកាសែតជាញឹកញយ រឿងសមុទ្ររាម។ កម្ពុជា រដ្ឋធម្មនុញ្ញរបស់យើងមាត្រា៥៣ បានបញ្ជាក់ច្បាស់ណាស់ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនមានមូលដ្ឋានរបស់ខ្លួននៅលើទឹកដីផ្សេងទៀត លើកលែងតែនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ខ្ញុំបានបញ្ជាក់ករណីនេះ នៅអង្គការសហប្រជាជាតិរួចទៅហើយ, សម្ដេចតេជោ សម្ដេចពិជ័យសេនា ថ្នាក់ដឹកនាំជាតិរបស់យើង ក៏បានបញ្ជាក់ជាប្រចាំទៅហើយ ហើយខ្ញុំសូមបញ្ជាក់ជាថ្មី កសាងសមត្ថភាពរបស់កងទ័ពជើងទឹក ជើងគោក ជើងអាកាសរបស់កម្ពុជា គឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតសង្គ្រាមជាមួយអ្នកណានោះទេ»។
សម្ដេចធិបតីអះអាងថា នៅលើពិភពលោក គ្មានច្បាប់កំណត់ហាមឃាត់ការធ្វើទំនើបកម្មការពារជាតិរបស់ប្រទេសនីមួយៗនោះទេ ពោលការពង្រឹងសមត្ថភាពរបស់កងទ័ព គឺដើម្បីចូលរួមនៅក្នុងការថែរក្សាស្ថេរភាព សុខសន្ដិភាព ទាំងក្នុងក្របខ័ណ្ឌកម្ពុជាផ្ទាល់ និងក្របខ័ណ្ឌតំបន់។ ប្រសិនមានស្ថានភាពអ្វីមួយកើតឡើង ដូចជា ឧក្រិដ្ឋកម្ម ភេរវកម្ម ជាដើម ហើយត្រូវការចូលរួមរបស់កម្ពុជា នោះកម្ពុជានឹងចូលរួមភ្លាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កងកម្លាំងរបស់កម្ពុជា បានបញ្ជូនទៅបំពេញការងារក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បើមិនបង្កើនសមត្ថភាពទេ ម្ល៉េះមិនអាចធ្វើសមាហរណកម្មជាមួយបណ្ដាប្រទេសផ្សេងៗបាននោះទេ ដូច្នេះទាល់តែមានសមត្ថភាពទើបអាចចូលរួមជាមួយបណ្ដាប្រទេសផ្សេងៗ ៕