រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំប្រចាំខែ ជាលើកដំបូង សម្រាប់ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប នៅគណៈកម្មការជាតិកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។
តាមរយៈកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ហើយក៏មានការចូលរួមយោបល់យ៉ាងច្រើនយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនជាវឌ្ឍនភាពការងារជារួម ប្រចាំខែ និងការលើកឡើងនូវបញ្ហាដើម្បីដោះស្រាយជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខរបស់ក្រសួងមុខងារសាធារណៈ។
បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបរួចមក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលសម្រេចបានកន្លងមក ឯកឧត្តម ក៏បានបន្ថែមដោយលើកឡើងថា ដ្បិតថាពេលនេះជាកិច្ចប្រជុំលើកដំបូងនៅក្នុងរបត់នៃរបៀបរបបការងារថ្មីក៏ពិតមែន ប៉ុន្តែក្នុងរយៈពេល ៥ខែកន្លងទៅនេះ យើងបានសម្រេចការងារជាច្រើនរួចមកហើយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី។
តាមរយៈសមិទ្ធផលដែលយើងសម្រេចបាន និងសមត្ថភាព ក៏ដូចជាឆន្ទៈ ការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាក្រសួងមុខងារសាធារណៈ នឹងសម្រេចបានការងារជាច្រើនបន្ថែមទៀតឆ្ពោះទៅកាន់គោលដៅ លើកកម្ពស់ប្រសិទ្ធភាពសមិទ្ធិកម្មក្រសួងមុខងារសាធារណៈ និងគោលដៅនៃកិច្ចការកែទម្រង់សាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល៕