ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពិធីសម្ពោធនាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រីអនុប្រធានស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃស្ថានអគ្គកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជា លោកស្រីអគ្គនាយិកាក្រុមហ៊ុន InfraCo Asia លោកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Khmer Cold Chain ឯកឧត្តមភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបងប្អូនបុគ្គលិក កម្មករ និយោជិត ជាច្រើនរូបផ្សេងទៀត។
ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះកើតឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន ៥,៨២៧ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -២២°C ដល់ ១៥°C។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។ ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីក កាន់តែមានភាពប្រកួត ប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះ បាននិងកំពុងឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ក្រសួង កម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹង ទិសដៅក្នុងការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណចំពោះកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន InfraCo Asia ដែលសហការគ្នាបាន យ៉ាងល្អប្រសើរក្នុងការសម្រេចនូវសមិទ្ធផលឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះឡើង និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការបន្ថែមទៀតជាមួយកំពង់ផែស្វយ័តភ្នំពេញ ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយគុណភាព ដល់បណ្តាក្រុមហ៊ុនដែលមានតម្រូវការ ប្រើប្រាស់ឃ្លាំងត្រជាក់នេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក.ស.ភ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី កម្មករ និយោជិតទាងអស់ បន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ចំណតផែ និង ឃ្លាំងស្តុកទំនិញ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវប្រតិបត្តិការសេវាកម្មស្របតាម តម្រូវការរបស់អតិថិជន ៕