ឧត្តមសេនីយ៍ឯក ហោ សំអាត បន្តដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ របស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ របស់នាយកដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករងទទួលបន្ទុក ប្រធាននាយកដ្ឋានពាក់ព័ន្ធលើគម្រោងបច្ចេកវិទ្យាឌីជីថល និងមន្រ្តីជំនាញបច្ចេកទេសជាច្រេីនរូបផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសេីរដល់ ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញទាំងអស់ដែលបានចូលរួមអនុវត្ត និងជំរុញវឌ្ឍនភាពការងារទូទៅរបស់អគ្គនាយកដ្ឋាន និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ថ្មីៗ ដែលគ្រោងនឹងដាក់ឱ្យប្រេីប្រាស់នាពេលខាងមុខជាមួយ អង្គភាព និង ក្រសួង ស្ថាប័ន មួយចំនួន។
ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បន្ថែមថា គ្រប់នាយកដ្ឋានទាំងអស់ត្រូវបន្តពង្រឹងលំហូរការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាភាពងាយស្រួលសម្រាប់ការអនុវត្តបន្តទៅថ្ងៃអនាគត។
ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយក ប្រធាន អង្គប្រជុំ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ត្រូវបន្តពិនិត្យ ពង្រឹង និងកែសម្រួលនូវរាល់ចំណុចខ្វះខាតក្នុងការអនុវត្តន៍គម្រោងបច្ចេកវិទ្យាទាំងអស់ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ និងឱ្យបានរួចរាល់តាមផែនការដែលបានដាក់ចេញនូវផែនការមេរបស់ ក្រសួង ក៏ដូចជាអគ្គនាយកដ្ឋាន ដើម្បីធ្វេីយ៉ាងណាឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តទាន់ពេលវេលា ស្របតាមផែនការ និងស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ ៕