មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចូលជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ូហ្សាន័រ បោវម៉ាន់ រដ្ឋលេខាធិការនៃក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយក្នុងជំនួបនេះ ឥស្សរជនជាន់ខ្ពស់ទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយបានកោតសរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក។
កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តោតលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។
នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក៏នឹងដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-អាល្លឺម៉ង់លើកទី ២ ផងដែរ ជាមួយ លោកជំទាវ ផេត្រា ស៊ីកមុនដ៍ អគ្គនាយកអាស៊ី និង ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ៕