លោកជំទាវ កុល ធារិន និងឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងលោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចំនួន២២នាក់ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ ក៏បានអញ្ជើញធ្វើបទបង្ហាញសង្ខេបអំពីតួនាទីភាពជាតំណាង និងការលើកកម្ពស់យុវជនក្នុងដំណើរប្រជាធិបតេយ្យ និងតួនាទីការទូតសភា ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនដល់យុវជនផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ ក៏បានសំណេះសំណាលជាមួយយុវជន និងបានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចស្នូលទាំង៣ របស់រដ្ឋសភា និងការងាររបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ជូនដល់ប្រតិភូដើម្បីជាចំណេះដឹង។
លោក សេង រិទ្ធី ប្រធានដឹកនាំប្រតិភូ ក៏ដូចជាប្អូនៗយុវជនចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាត ឲ្យប្រតិភូយុវជនរបស់មជ្ឈមណ្ឌល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការដ្ឋសភា ដើម្បីស្រូបយកចំណេះដឹង និងបទពិសោធន៍ សម្រាប់អភិវឌ្ឍន៍ខ្លួន និងជួយដល់សង្គមជាតិ ៕