រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីតាមបណ្តានាយកដ្ឋាន និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។
ក្រោយពីស្តាប់ការអានសេចក្តីព្រាងរបាយការណ៍ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំពិភាក្សា ដោយទទួលបានធាតុចូលជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ដើម្បីធ្វើឱ្យរបាយការណ៍មានភាពកាន់តែគ្រប់ជ្រុងជ្រោយ និងសុក្រិតភាព។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍បន្ថែម ក្នុងការបន្តអនុវត្តការងាររបស់នាយកដ្ឋានជំនាញ ទៅតាមអាទិភាពទាំង ៤ ដើម្បីសម្រេចឱ្យបាននូវទិសដៅរបស់ខ្លួន។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពចំណុះទីស្ដីការក្រសួង និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកបានយ៉ាងល្អ និងសកម្ម ដែលធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន ជាពិសេសនៅអាណត្តិថ្មីនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា យោងតាមសមិទ្ធផលដែលមានស្រាប់ យើងត្រូវខិតខំបង្កើនស្នាដៃបន្ថែមទៀតជូនជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ៕