អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំដកបទពិសោធន៍ការងារសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាសគ្រឹះស្ថាន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំ ដកបទពិសោធន៍ការងារសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាសគ្រឹះស្ថាន ប្រើប្រាស់សន្តិសុខឯកជន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ចំណុះអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋានរាជធានី-ខេត្ត ព្រមជាមួយវិស័យឯកជនដែលពាក់ព័ន្ធ និងកំពុងប្រើប្រាស់សេវាសន្តិសុខឯកជនជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី អគ្គនាយក-អគ្គនិយាកា តំណាង ក្រុមហ៊ុនទាំងអស់ ដែលមានវត្តមាននៅទីនេះ។
ឯកឧត្តមបន្តថា ការរៀបចំកិច្ចប្រជុំឡើងគឺក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនកិច្ចសហការឲ្យកាន់តែរឹងមាំក្នុងភាពជា ដៃគូរ និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការ អនុវត្ត ភារកិច្ច កាតព្វកិច្ច របស់ក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះស្ថាន ដែលបានអនុវត្តកន្លងមក និងដើម្បីបង្កើនសមត្ថភាព បង្កើនកិច្ចសហការ ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខសង្គម។
ឯកឧត្តមបានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថាការចូលរួមចំណែកថែរក្សា សន្តិសុខ សណ្ឋាប់ធ្នាប់សង្គម របស់បណ្តាក្រុមហ៊ុនផ្តល់សេវា និងគ្រឹះស្ថាននានា បានឆ្លើយតបតាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបានសហការបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរចំពោះ លោក-លោកស្រី អគ្គនាយក អគ្គនិយាកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ដែលបានចូលរួម អនុវត្តត្រឹមត្រូវតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានជំរុញលើកទឹកចិត្ត និងគាំទ្រឱ្យមានការបណ្តុះបណ្តាល បំប៉នជំនាញសន្តិសុខឯកជន (ចាត់បញ្ជូន ប្រធានតំបន់ ឬអ្នកគ្រប់គ្រង និងកម្លាំងភ្នាក់ងារមកទទួល ការបណ្តុះបណ្តាល បំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ)។
ឯកឧត្តម ក៏បានមតិផ្តាំផ្ញើដែរថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវបន្តជម្រុញអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ អនុក្រឹត និង ប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឲ្យការគ្រប់គ្រងសន្តិសុខឯកជន មានប្រសិទ្ធិភាព និងជាប្រយោជន៍ក្នុងការលើកកម្ពស់កិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ទាំងមូលឲ្យបានកាន់តែប្រសើរ៕