ប្រជាការពារសាលាខណ្ឌ៧មករា ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានផាកពិន័យក្នុងម្នាក់ៗចំនួន៦ម៉ឺនរៀល
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព។
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះ និងបានរកឃើញថាមន្ត្រី៣នាក់នេះ ជាប្រជាការពារនៃសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ។
នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅប្រជាការពារ០៣នាក់ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមច្បាប់ អត់ពាក់មួកសុវត្ថិភាពក្នុង១ម្នាក់ៗចំនួន៦០,០០០រៀល៕