ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តយុទ្ធសាស្ត្រដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំស្តីពីសុខដុមនីយកម្មទុនវិនិយោគពីគ្រប់ដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តនូវយុទ្ធសាស្រ្តដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះបានផ្តោតជាសំខាន់ទៅលើការរៀបចំយុទ្ធសាស្រ្តអនុវត្តការងារនៅគ្រប់ការដ្ឋានទាំងអស់ឱ្យបានទាន់ពេលវេលាកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយការធ្វើវិភាជទុនឱ្យបានសមស្របទៅនឹងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបញ្ចៀសទឹកជំនន់គ្រប់ប្រភេទនៅគ្រប់រដូវកាលទាំងអស់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ៕