សមត្ថកិច្ចរកឃើញអ្នកបើកបរមានជាតិស្រវឹង ២៣ករណី ក្នុងថ្ងៃដំបូងនៃយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤នេះថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ក្នុងថ្ងៃទី១ គឺយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន ២៣ករណី។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្រោមការអនុវត្តបទបញ្ជាដោយផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមាន ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំអនុវត្តផ្ទាល់ មានការពិនិត្យឃើញថា មានអ្នកបើកបរយាន្តយន្តមួយចំនួនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយអ្វីដែលជាការកត់សម្គាល់ ការអនុវត្តយ៉ាងតឹងតែង ដោយយកវិធានការច្បាប់ជាគោល និងម៉ឺងម៉ាត់ មានការប្តេជ្ញាខ្ពស់ សំដៅក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះផងដែរលោកបានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
លោកបានបញ្ជាក់ថា “លទ្ធផលដែលបានអនុវត្តក្នុងយប់ដំបូងនេះ បានឃាត់យាន្តយន្តសរុប ២៣៤គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥គ្រឿង ហើយសមត្ថិកច្ចបានរកឃើញអ្នកដែលល្មើសជាតិស្រវឹងសរុប ២៣គ្រឿង កម្រិតជាតិអាល់កុលចាប់ពី០,២៥ ទៅ ០,៣៩ មានចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់ អ្នកបើកបររថយន្តចំនួន ៣នាក់។ ចំណែកកម្រិតជាត់អាល់កុលចាប់ពី ០,៤០ឡើងទៅ មានចំនួនសរុប ១៦គ្រឿង អ្នកបើកបរម៉ូតូចំនួន ១៤នាក់ អ្នកបើកបររថយន្តចំនួន ២នាក់។ ទន្ទឹមនោះ សមត្ថកិច្ចក៏បានរកឃើញអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន ២០៤គ្រឿង កែរឆ្នៃបំពង់ស៊ីម៉ាំង ២គ្រឿង ម៉ូតូគ្មានស្លាកលេខ ៣គ្រឿង។ ចំពោះយាន្តយន្ត និងអ្នកដែលប្រព្តឹត្តបទល្មើសទាំងអស់សមត្ថកិច្ចបានធ្វើការផាកពិន័យ និងអនុវត្តទៅតាមនិតិវិធីច្បាប់”។
ជាមួយគ្នានោះលោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ៕