ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការកំណត់មូលដ្ឋានសំខាន់ៗសម្រាប់រៀបចំប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងទិសដៅបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការកំណត់មូលដ្ឋានសំខាន់ៗសម្រាប់រៀបចំប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងទិសដៅបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បណ្ឌិត អគ្គនាយក មានប្រសាសន៍ស្វាគមន៍សមាជិក សមាជិកា ក្នុងអង្គប្រជុំទាំងមូល ជាកិច្ចបន្តឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង ធ្វើការលើកឡើងនូវកត្តាចំនួនពីរធំៗ ដើម្បីសុំគោលការណ៍ ឯកឧត្តម អគ្គនាយក ពិនិត្យ និងសម្រេច។ កត្តាទី១ ដោយសារច្បាប់ស្តីពីអត្រានុកូលដ្ឋាននឹងត្រូវដាក់ឱ្យអនុវត្តនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាកាលបរិច្ឆេទអនុវត្តជាទូទៅ ហើយប្រសិនបើសេចក្តីព្រាងប្រកាសស្តីពីការចុះបញ្ជីអត្រានុកូលរៀបចំមិនទាន់ហើយឬមួយការចុះបញ្ជីតាមប្រព័ន្ធអនឡាយ មិនទាន់រៀបចំរួចរាល់នោះ ហេតុដូច្នេះមានជម្រើសចំនួន៣ ដាក់ជូនឯកឧត្តមអគ្គនាយក ធ្វើការសម្រេចចិត្ត និងកត្តាទី២ មានគោលការណ៍ចំនួន៧ចំណុចដាក់ជូនឯកឧត្តមអគ្គនាយកក្នុងសម្រេចចិត្ត ដើម្បីក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត រៀបចំក្នុងការសរសេរសេចក្តីសម្រេចព្រាងប្រកាស ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ឱ្យបានត្រឹមត្រូវ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ៕