សោកស្តាយ! កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានស្លាកស្នាមអាវុធ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីគ្រសួងព័ត៌មាន តាមរយៈហ្វេសប៊ុកផេកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញការសោកស្តាយដោយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ។
ឯកឧត្ដមបន្តថា គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញ មន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យស្វែងរកអាវុធដែលសម្លាប់កូនដំរី។
ក្នុងនាមអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ឯកឧត្ដម នេត្រ ភក្ត្រា សូមចូលរួមអំពាវនាវសាជាថ្មីដល់បងប្អូនបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់។
បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជាសូមចូលរួមថែរក្សាអភិរក្សសត្វព្រៃ។
សូមបញ្ជាក់ថា តាមប្រភពព័ត៌មានការប្រទះឃើញកូនដំរីមួយក្បាលដេកងាប់នេះគឺស្ថិតនៅក្នុងព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕