ក្រសួងធនធានទឹក និង ADB កំពុងជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យធារាសាស្រ្តនៅតាមបណ្តាខេត្តចំនួន០៤
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកពីទីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំពិភាក្សានេះផ្តោតទៅលើការប្រើប្រាស់ថាមពល និងបំពាក់ឧបករណ៍ស្រូបថាមពលពន្លឹព្រះអាទិត្យក្នុងប្រព័ន្ធធារាសាស្រ្ត ដើម្បីបម្រើឱ្យការស្រោចស្រពលើខ្សែសង្វាក់ផលិតកម្មកសិកម្ម វិស័យឧស្សាហកម្មទឹកស្អាត និងការប្រើប្រាស់លើវិស័យពាក់ព័ន្ធនានា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារវិនិយោគអឺរ៉ុប (EIB) កំពុងជំរុញធ្វើការពង្រឹងនិងពង្រីកនូវការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យធារាសាស្រ្តនៅតាមបណ្តាខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ៕