អភិបាលខេត្តកណ្ដាល ណែនាំប្រជាពលរដ្ឋត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំប្រជាពលរដ្ឋត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្ដមបានណែនាំបែបនេះ ក្នុងឳកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មហាកុដិនៅវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិ៍វ័ន ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋត្រូវដឹងគុណ និងតបគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងយកជីវិតមកធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្រ្គាម ដោយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន។
ឯកឧត្តបន្តថា ជាមួយគ្នានោះត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវរួបរួមគ្នាកសាង សន្សំបុណ្យកុសល និងថែរក្សាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ជាម្លប់ត្រជាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសរួមគ្នាថែរក្សាសន្តិភាព និងបន្តរស់នៅក្នុងសន្តិភាពជារាងរហូតក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕