សហព័ន្ធសន្តិភាពសកល កំពុងធ្វើការជាមួយមេដឹកនាំទូទាំងសកលលោក ដែលមានឆន្ទៈបង្កើតសន្តិភាពរួមគ្នា សម្រាប់មនុស្សជាតិv
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត ឆាល អេស យ៉ាង (Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។
សូមបញ្ជាក់ថា សហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) គឺជាបណ្តាញនៃគ្រួសារ និងស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និងធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ។
សហព័ន្ធសន្តិភាពសកល បាននិងកំពុងធ្វើការជាមួយមេដឹកនាំទូទាំងសកលលោក ដែលមាន ឆន្ទៈបង្កើតសន្តិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ សហព័ន្ធសន្តិភាពសកល មិនមែនជាគណបក្សនយោបាយ ឬ ពាក់ព័ន្ធនយោបាយទេ ប៉ុន្តែផ្តល់តម្លៃលើតួនាទីដែលអ្នកដឹកនាំនយោបាយដើរតួក្នុងពិភពដ៏ស្មុគស្មាញន អភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិ។
សហព័ន្ធសន្តិភាពសកល មានបំណងលើកកម្ពស់សន្តិភាពជាសកលទៅហួសពីសាសនា ពូជសាសន៍ ប្រទេសជាតិ វប្បធម៌ និងនយោបាយជាដើម។
សហព័ន្ធសន្តិភាពសកល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកបណ្ឌិត Sun Myung Moon និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ លោកបណ្ឌិត Sun Myung Moon បានទទួលមរណភាព កាលពីឆ្នាំ២០១២។
សហព័ន្ធសន្តិភាពសកល មាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅ កម្ពុជាផងដែរ។
សហព័ន្ធសន្តិភាពសកលមានទូតសន្តិភាពជាង ៥ម៉ឺននាក់ ដែលជាឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំសាសនា អ្នកដឹកនាំសង្គមស៊ីវិល ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក៕