បទវិភាគ៖ការងើបឡើងនៃឧស្សាហកម្មអាគុយរបស់ប្រទេសចិនកំពុងនាំមកនូវបម្រែបម្រួលយ៉ាងជ្រាលជ្រៅដល់ឧស្សាហកម្មរថយន្តពិភពលោក
ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយដំណឹងអំពីភាពជាប់គាំងដែលសហគ្រាសផលិតរថយន្តកូរ៉េខាងត្បូងជួបប្រទះ។ស្របពេលដែលរដ្ឋាភិបាលអាមេរិកបន្តបង្កើនការគ្រប់គ្រងចំពោះការនាំចេញទៅកាន់ប្រទេសចិនដោយឥតឈប់ឈរ សហគ្រាសផលិតរថយន្តកូរ៉េខាងត្បូងដែលពឹងផ្អែកយ៉ាងខ្លាំងលើសម្ភារៈអាគុយរបស់ប្រទេសចិនកំពុងធ្លាក់ក្នុងភាពលំបាក។ក្រុមហ៊ុនអាមេរិកTeslaក៏បានជួបប្រទះបញ្ហាដូចគ្នាដែរ។ ដោយសារតែការផលិតអាគុយចំនួនធំសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីថ្មីCybertruckបានធ្លាក់ចូលសភាពជាប់គាំង ក្រុមហ៊ុនTeslaមានតែងាកទៅសុំការគាំទ្រពីផលិតកររបស់ប្រទេសចិនជាបន្ទាន់ដែលសង្ឃឹមថាអាចទទួលបានការគាំទ្រខាងគ្រឿងបន្លាស់អាគុយ។
ព្រមពេលជាមួយគ្នានេះ លោកTate Reevesអភិបាលរដ្ឋMississippiអាមេរិកក៏បានផ្សព្វផ្សាយក្នុងកាលៈទេសៈផ្សេងៗគ្នាអំពីគម្រោងអភិវឌ្ឍសេដ្ឋកិច្ចធំទីពីរក្នុងប្រវត្តិសាស្ត្រដែលរដ្ឋខ្លួនទើបអនុម័តផងដែរ៖សហគ្រាសចំនួនបួននឹងចំណាយប្រាក់ចំនួន១៩០០លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រអាគុយ ក្នុងនោះសហគ្រាសផលិតថ្មដែលមកពីប្រទេសចិនកាន់ភាគហ៊ុន១០ភាគរយ ។
ពីសហគ្រាសកូរ៉េខាងត្បូងដល់សហគ្រាសអាមេរិក ពីរដ្ឋាភិបាលដល់មជ្ឈដ្ឋានពាណិជ្ជកម្ម សុទ្ធតែបានបញ្ចេញព័ត៌មានបែបនេះថា៖ ការអភិវឌ្ឍរថយន្តដើរដោយថាមពលថ្មី មិនអាចកាត់ផ្ដាច់ចេញពីប្រទេសចិនបានទេ។
តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយស្ថាប័នឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ប្រទេសចិនឱ្យដឹងថា ការនាំចេញអាគុយថាមពលរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ មានចំនួន១២៧.៤GWh កើនឡើង៨៧.១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ហើយទំហំទីផ្សារបានឈរនៅលំដាប់ជួរមុខលើពិភពលោកក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ទីផ្សារនាំចេញធំជាងគេគឺអឺរ៉ុប បន្ទាប់មក គឺអាមេរិកនិងអាស៊ីអាគ្នេយ៍។
សមិទ្ធផលដែលឧស្សាហកម្មអាគុយរបស់ប្រទេសចិនទទួលបាន គឺមកពីឧត្តមភាពប្រកួតប្រជែងជាច្រើន។
លោកCui Dongshuអគ្គលេខាធិការនៃសមាគមន៍ព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើរចិនបានថ្លែងថា អាគុយរបស់ប្រទេសចិនមានឧត្តមភាពឧស្សាហកម្មដែលមិនអាចជំនួសបាន។ ប្រទេសចិនសម្រេចបាននូវការផលិតដោយម្ចាស់ការនូវវត្ថុធាតុសំខាន់ៗទាំងអស់សម្រាប់ផលិតអាគុយ ដូចជាវត្ថុធាតុcathode anodeនិងelectrolytesជាដើម ដែលបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មអាគុយយ៉ាងពេញលេញ។
ក្នុងវិស័យវត្ថុធាតុដើមស្នូលដែលត្រូវការសម្រាប់ការផលិតអាគុយ ប្រទេសចិនក៏កាន់ឋានៈដឹកនាំសំខាន់ដដែល។ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុនTesla បានថ្លែងថា”ភាពជោគជ័យរបស់ក្រុមហ៊ុនTesla នៅប្រទេសចិន គឺពឹងផ្អែកយ៉ាងខ្លាំងលើភាពជោគជ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន”។
ព្រមពេលជាមួយគ្នានេះ ផលិតផលអាគុយរបស់ប្រទេសចិនមានគុណភាពល្អ និងតម្លៃដើមទាប ហើយទទួលបានការពេញនិយមពីសហគ្រាសផលិតរថយន្តនៃបណ្តាប្រទេស។អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ក្នុងរយៈពេលយូរ និងការពន្លឿនការបង្កើតរចនាសម្ព័ន្ធនៅទូទាំងពិភពលោកបានក្លាយជាគន្លឹះនៃភាពជោគជ័យសម្រាប់សហគ្រាសចិន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានបង្កើត”ជញ្ជាំងខ្ពស់”ចំពោះអាគុយរបស់ប្រទេសចិនតាមរយៈការធ្វើអន្តរាគមន៍ផ្នែកនយោបាយនិងរបាំងពាណិជ្ជកម្ម ដើម្បីព្យាយាមទប់ស្កាត់ការអភិវឌ្ឍនៃឧស្សាហកម្មដែលកំពុងងើបឡើងថ្មីរបស់ប្រទេសចិន។អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ភាគីអាមេរិកបានជ្រោងទង់ដែលហៅថា”សន្តិសុខជាតិ”មកគាបសង្កត់ប្រទេសចិននិងប៉ុនប៉ង់ចង់”ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ប៉ុន្តែគិតពិចារណាដល់ឧត្តមភាពខាងបច្ចេកវិទ្យាដ៏ពិសេសនៃឧស្សាហកម្មអាគុយរបស់ប្រទេសចិន ភាគីអាមេរិកនឹងមិនអាចទប់ស្កាត់ប្រទេសចិនបានទេ។
ការពិតបានបញ្ជាក់ថា កម្លាំងនយោបាយមិនអាចបង្ក្រាបក្រឹត្យក្រមទីផ្សារបានទេ។ស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិអាមេរិកជាដើមបាននាំគ្នាបង្ហាញឥរយាបថនាពេលថ្មីៗនេះថា ស្របពេលដែលការនាំចេញផលិតផល ដូចជាអាគុយរបស់ប្រទេសចិនជាដើមមានភាពខ្លាំងក្លា ឧស្សាហកម្មជាច្រើនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែជាទីផ្សារដែលអ្នកវិនិយោគបរទេសមិនអាចបោះបង់ចោលបាន ហើយវាកាន់តែជាកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកថែមទៀត៕