ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្ដ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តតាកែវនេះ គឺនៅសល់ក្បាលដីត្រឹមតែប្រមាណ ២២ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿង និងម៉ាស៊ីនស្គេន ចំនួន ១០គ្រឿងផងដែរ៕