ឯកឧត្តម ស្វាយ សំអ៊ាង អំពាវនាវដល់ប្រជាពលរដ្ឋប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីដែលទទួលបានកម្មសិទ្ធិ ជាជាងយកទៅលក់ដូរ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តស្ទឹងត្រែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីនេះ ប្រសើរជា ជាងការលក់ដូរ ដែលអាចទទួលផលបានតែម្តង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។
ឯកឧត្ដមបានមានប្រសាសន៍បែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងន័យនេះ ឯកឧត្តម ស្វាយ សំអ៊ាង បញ្ជាក់ថា ចាប់ពីពេលដែលទទួល បានប័ណ្ណកម្មសិទ្ធិរួចហើយ បងប្អូននឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ។
ឯកឧត្តមអភិបាលខេត្តបន្តថា បើយើងក្រឡេកមើលទៅអតីតកាល រាប់ជំនាន់មកហើយ ប្រជាជននៅតាមតំបន់ជនបទភាគច្រើនមិន ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ។ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិត តម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនធំជាងអ្វីៗទាំងអស់ បានបន្តអនុវត្តយុទ្ធសាស្ត្រ និងជម្រុញការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលជាបន្តបន្ទាប់ ហើយការងារនេះ នឹងបន្តនៅភូមិ និងឃុំផ្សេង ទៀតក្នុងទូទាំងខេត្តស្ទឹងត្រែងរបស់យើង ដើម្បីសម្រេចគោលដៅចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់នៅ ត្រឹមបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ៕