កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជន
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ លើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជន និងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូត របស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ នឹងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋជាង៨៤% នៃអ្នកមានឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួនជាង ៨២% ធ្វើឱ្យកម្ពុជាបានផ្ទេរការដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សរជនវ័យក្មេងជំនាន់ក្រោយ ដែលមានសក្តានុពល ដោយសន្តិវិធី គ្មានអំពើហិង្សា ធ្វើឱ្យកម្ពុជាធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍទៅមុខជាលំដាប់។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីដែលតែងតែជួយគំាទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍជាតិរហូតមកទល់បច្ចុប្បន្ន។ សម្តេចក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងតំបន់អាស៊ាន ផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ហើយថាកម្ពុជានិងឥណ្ឌូនេស៊ី មានសក្តានុពលជាច្រើនដែលអាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងវិស័យការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរដូចគ្នា។
គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុងចំណោមបរទេសដែលវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨លានដុល្លារ។ ក្នុង ៤ខែដំបូង នៃឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៩២លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជា ផងដែរ។ ក្នុងន័យនេះ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត និងសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពិចារណាក្នុងការជួយនាំផលិតផលកសិកម្មពីកម្ពុជាឱ្យបាន់កាន់តែច្រើនបន្ថែមទៀត។
នៅខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាអាណត្តិថ្មី។ ក្រោយការបង្កើតបានរដ្ឋសភាថ្មីឥណ្ឌូនេស៊ី ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ថានឹងខិតខំជំរុញទំនាក់ទំនងសភាប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនបន្ថែមទៀត ទំាងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យយេនឌ័រ ជាដើម ៕