យប់ថ្ងៃទី៥ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ១១០គ្រឿង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី៣ គឺយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន១១០គ្រឿង ក្នុងនោះរថយន្ត ចំនួន២១រឿង និងម៉ូតូ ចំនួន៨៩គ្រឿង។
លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា “នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន១១០គ្រឿង (រថយន្ត ចំនួន២១គ្រឿង, ម៉ូតូ ចំនួន៨៩គ្រឿង) ដែលក្នុងមាន ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១២នាក់ អ្នកបើកបររថយន្ត ចំនួន០៤នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើង ចំនួន២១គ្រឿងមានអ្នកបើកបរម៉ូតូ ចំនួន១២នាក់ និងអ្នកបើកបររថយន្ត ចំនួន០៩នាក់ចំពោះបទល្មើសផ្សេងៗ ចំនួន ៦៣គ្រឿង ក្នុងនោះអ្នកអត់មួកសុវត្ថិភាព ចំនួន៥៥គ្រឿង, អត់ប័ណ្ណបើកបរចំនួន ០៣គ្រឿង, ស្លាកលេខមិនប្រក្រតីចំនួន០១គ្រឿង, តុបតែងភ្លើងខុសលក្ខណៈបច្ចេកទេសចំនួន០២គ្រឿង និងរថយន្តដឹកសំពីងសំពោងចំនួន០២គ្រឿង។ ដោយឡែក វិធានការអប់រំ បានអប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន២៨នាក់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន២៥នាក់ និងអ្នកបើកបររថយន្តចំនួន០៥នាក់ និងអប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន៣៤នាក់”។
ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕