រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្ម
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការពង្រឹងផ្ទៃក្នុង និងការដាក់ចេញនូវវិធីសាស្រ្តផ្សេងៗដើម្បីធានានូវចីរភាព និងភាពប្រកួតប្រជែងបែបនេះគឺសំខាន់ណាស់ជាពិសេសក្រសួងកសិកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្មតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ កម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ក្នុងការជំរុញការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចទី៤ ដែលផ្សារភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើតច្រករបៀងមច្ឆា និងអង្ករ និងការជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទីនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រព័ន្ធធារាសាស្រ្ត, ប្រព័ន្ធគមនាគមន៍ និងជនបទ, ប្រព័ន្ធ logistic, បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃជាដើម ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្ត ក៏ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជួយជំរុញផលិតកម្មអោយមានគុណភាព និងសុវត្ថិភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិ ៕