ប្រមុខរាជរដ្ឋាភិបាល ជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចសំខាន់ ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានកំណត់យកខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចសំខាន់ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ។
នាឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតីបញ្ជាក់ថា «ចឹងឆ្នាំ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយក្នុងនៅវិស័យសំខាន់ដែលពាក់ព័ន្ធនឹងសក្តានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញពន្លឿនការអភិវឌ្ឍកន្លែងនេះ អាចជាប៉ូលមួយ យោងឡើងខ្ពស់ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស»។
សម្តេចថ្លែងថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំងដើម្បីប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរ។
សម្តេចធិបតីបន្ថែមថា កម្មវិធីពីសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ អាចដោះស្រាយបញ្ហាចំពោះមុខ និងប្រើធនធានដែលមានស្រាប់ ឲ្យក្លាយជាសក្កានុពលដល់ខេត្តទាំងមូល ៕