នាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីគិតគូរដាក់ចេញជាយុទ្ធនាការ ដើម្បីសន្តិសុខក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីគិតគូរដាក់វិធានការ ចេញជាយុទ្ធនាការដើម្បីសន្តិសុខក្នុងខេត្តព្រះសីហនុ ដើម្បីធានាបាននូវបរិស្ថានសន្តិសុខមួយ ដែលអ្នកវិនិយោគ និងទេសចរអាចមកបាន ។
ជាមួយគ្នានោះសម្ដេចក៏បានបញ្ជាឱ្យអាជ្ញាខេត្តព្រះសីហនុ ពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីពង្រឹងជំនឿចិត្តភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគឡើងវិញ។ ការដាក់ចេញបទបញ្ជាក់របស់សម្ដេចធិបតី ក្រោយពេលដែលខ្សែភាពយន្តចិនមានចំណងជើងថា «No more Bet» ដែលចាក់បញ្ចាំងកាលពីខែសីហា ឆ្នាំ២០២៣ បានចោទកម្ពុជា ថាជាកន្លែងប្រព្រឹត្តអំពើខុសច្បាប់ដ៏គ្រោះថ្នាក់ ពាក់ព័ន្ធនឹងការចាប់ជំរិតជាដើម និងបានបង្កផលប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគ និងអ្នកទេសចរ ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ លុបបំបាត់បញ្ហាអសន្តិសុខ ដើម្បីលុបលាងការចោទប្រកាន់ កុំឱ្យគេអាចចាប់កំហុសកម្ពុជាបាន ដោយសារតែព័ត៌មានមិនពិតបន្តិចបន្តួច បង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជាដែលខិតខំកសាងមកអស់ពេលជាច្រើនឆ្នាំ។ សម្តេចថា រឿងល្អត្រូវការពេលយូរដើម្បីកសាង និងបង្ហាញឱ្យគេបានឃើញ ប៉ុន្តែរឿងអាក្រក់បន្តិចបន្តួច ត្រូវការពេលតែប៉ុន្មានខែប៉ុណ្ណោះជាមួយនឹងព័ត៌មានមិនពិត២ទៅ៣ អាចធ្វើឱ្យរលាយរឿងល្អទាំងអស់បាន៕