សម្ដេចធិបតី៖ ការដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ជាជំហានជាក់ស្តែង យើងបានចាប់ផ្តើមពីការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សម្រាប់រយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជន។ ក្នុងន័យនេះ ការប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ឬហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ»។
សម្ដេចធិបតី បន្ថែមថា ជាមួយនឹងការរៀបចំ និងការដាក់ឲ្យអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឲ្យកាន់តែក្លៀវក្លាឡើង ជាពិសេសប្រើប្រាស់ឲ្យអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិតតំបន់ នៅក្នុងខេត្តនេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ៕