ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៣១ មករានេះ បានមានប្រសាសន៍បញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ។
សម្ដេចធិបតីបន្តថា រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់ខេត្តឱ្យបានកាន់តែច្រើន ។ ខេត្តព្រះសីហនុ បាន និងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ ពិសេស កំពង់ផែទឹកជ្រៅ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ធ្នូ ២០២៣ សម្រាប់ជំរុញលើវិស័យឡូជីស្ទីកនៅកម្ពុជា ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង ដែលកិច្ចការអាទិភាពទី៤ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ដើម្បីគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជន៕