ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ស្នើឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក បន្តគាំទ្រដល់ដំណើរការតាក់តែង នៃយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ.) និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក John Aylieff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក។
ក្នុងជំនួបនេះ លោក John Aylieff បានកោតសសើរពីសមិទ្ធផលដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំ និងសម្របសម្រួលធ្វើក្នុងវិស័យស្បៀង និងអាហារូបត្ថម្ភ។
លោកនាយកប្រចាំតំបន់ បានលើកឡើងថា ការងារស្បៀង និងអាហារូបត្ថម្ភនេះ ជាការងារអន្តរវិស័យ មានភាពស្មុគស្មាញដែលទាមទារការដឹកនាំដ៏ប៉ិនប្រសប់ ក្នុងការប្រមូលនូវគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមមួយ ស្របតាមយុទ្ធសាស្រ្តជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកក៏បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានផ្តួចផ្តើម និងគាំទ្រការធ្វើ Fill the Nutrition Gap។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាងស្ថាប័នទាំងពីរ ដែលបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរពីតួនាទីចម្បងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងចលនាបង្កើនអាហារូបត្ថម្ភ (SUN Movement) និងការបង្កើតឲ្យមានបណ្តាញធុរកិច្ច សម្រាប់ចលនាបង្កើនអាហារូបត្ថម្ភនេះ (SUN Business Network)។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់អង្គការស្បៀងអាហារពិភពលោក ក្នុងការងារស្រាវជ្រាវ និងវិភាគដែលនេះពិត ជាមានសារៈសំខាន់ណាស់សម្រាប់ ក.ក.ជ. ក្នុងការធ្វើសេចក្តីសម្រេច ចិត្តផ្សេងៗ ការចូលរួមក្នងកិច្ចសន្ទនាសកលស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងការតាក់តែងនូវផែនទីបង្ហាញផ្លូវ សម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកសំណើសុំឲ្យអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដល់ដំណើរការតាក់តែង នៃយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការធ្វើនូវគ្រោងចំណាយសម្រាប់អនុវត្តយុទ្ធសាស្រ្តជាតិនេះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជម្រាបលោកនាយកប្រចាំតំបន់អំពីយុទ្ធនាការ ដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងដឹកនាំធ្វើ គឺយុទ្ធនាការស្តីពីការលើកកម្ពស់ ការយល់ដឹងពីការទទួលទានចំណីអាហារដែលល្អសម្រាប់សុខភាព មានសុវត្ថិភាព និងមានជីវជាតិនៅតាមសាលារៀន។
ជាកិច្ចឆ្លើយតប លោក John Aylieff បានឯកភាពចំពោះសំណើខាងលើ ហើយប្តេជ្ញានឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានបញ្ចប់ដោយផ្លែផ្កាជាវិជ្ជមាន ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ៕