ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ យុវសិស្ស១៩៩នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រាបជូនបែបនេះក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ចំនួន១៩៩នាក់នាក់ ស្រី៩១នាក់នាថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាច្បារអំពៅ។
លោក ប៉ាង នារតី នាយិកាចាងហ្វាងមធ្យមសាលាអន្តរទ្វីបអាមេរិកាំងសាខាច្បារអំពៅបានមានប្រសាសន៍ថា យុវសិស្សជាទំពាំងស្នងឬស្សីដូចនេះពួកគាត់ត្រូវការការពូនជ្រុំឱ្យមានសុខភាពល្អទើបឬស្សីរឹងមាំបាន។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរង ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានអរគុណ និងកោតសសើរដល់គណគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំងសាខាច្បារអំពៅក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុខភាព គុណភាព សុវត្ថិភាពដល់សិស្សទាំងក្នុងសហគមន៍និងគ្រឹះស្ថានសិក្សា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពហើយការងារនេះជាការរួមរបស់យើងទាំងអស់គ្នា។ ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅថែរក្សានូវសុខភាពសុវត្ថិភាពប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន ការយល់ដឹងច្បាស់ពីបញ្ហាគ្រឿងញៀនគឺនាំមកនូវភាពសុខសាន្ត សុខដុមរមនាទាំងក្រុមគ្រួសារ និងសហគមន៍។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា យុវសិស្សនៅក្នុងវ័យ១៣ឆ្នាំ ដល់១៨ឆ្នាំនេះ គឺជាវ័យមួយដែលឆាប់ទទួលយកនូវអ្វីៗដែលថ្មី ហើយការទប់ស្កាត់បាននូវការរីករាលបញ្ហាគ្រឿងញៀនចូលទៅក្នុងសហគមន៍ ប្រជាពលរដ្ឋទាំងអស់នឹងមានសុខភាពល្អ មានការអភិវឌ្ឍរីកចម្រើន។
តាមរយ: វាគ្មិន លោកឧត្តមសេនីយ៍ត្រី យិន យឿត និងលោកឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា សិស្សទាំងអស់ពិតជាក្លាហានខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ ៕