មន្ត្រីជំនាញ ចុះត្រួតពិនិត្យទំនិញនៅផ្សារ សិន ជូរី ផ្លាហ្សា រកឃើញប្រហិតសាច់ត្រីឆៅ មានសារធារធាតុគីមីបូរ៉ាក់ ចំនួន៧.៥គីឡូក្រាម
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «កបប» ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ និងគណៈកម្មធិការផ្សារ សិន ជូរីផ្លាហ្សា ដោយបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូជាក់ស្តែង បានចំនួន៣៤ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក មើមខ្ទឹមសរ សាច់ សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។ ជាលទ្ធផល បានរកឃើញផលិតផលប្រហិតសាច់ត្រី ម៉ត់ឆៅ មានវត្តមានសារធារធាតុគីមីហាមឃាត់ បូរ៉ាក់ចំនួន៧.៥គីឡូក្រាម ត្រូវបានដកហូត តាមនីតិវិធី។
លោក គង់ វុទ្ធី និង លោក ញ៉ែម សុគាន់ អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឲ្យមានការដាក់លាយបន្ថែម នូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឲ្យដាក់តាំងលក់ ផលិតផលទំនិញឲ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និង ម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ន នូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាព របស់ប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះគេឃើញ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ និងបានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាច ប៉ះពាល់ជាយថាហេតុ ដល់សុខភាពយើងទាំងអស់គ្នា៕