នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បិទវគ្គបំប៉ននាយទាហានថា្នក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គបំប៉ននាយទាហានថា្នក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដេន។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន ជំនាញការពារព្រំដេនទាំងអស់ និងជាពិសេសសិក្ខាកាម វគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែន ជំនាន់ទី៨ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំយោធាចារ្យ គ្រូជំនាញ និងនាយទាហានទាំងអស់របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈ តាមបទបញ្ជារបស់អគ្គបញ្ជាការដោយជោគជ័យ និងសហការរៀបចំពិធីបិទវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែន ជំនាន់ទី៨ ដ៏មានសារសំខាន់នេះ ឱ្យបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការបិទវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្ដុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨ គឺជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការការពារបូរណៈភាពទឹកដី ជាពិសេសឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។
បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំចំនួន៣ចំណុចដល់សិក្ខាកាមរួមមាន៖
១៖ យោធិនទាំងអស់ត្រូវបន្តចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងគាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិឱ្យបានជាដាច់ខាត។
២៖ ចំពោះសិក្ខាកាមបញ្ចប់វគ្គនាពេលនេះ ត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា វិន័យ និងសីលធម៌ សេចក្តីថ្លៃថ្នូរឱ្យសាកសមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ហើយក្មួយៗត្រូវចងចាំថាជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្របន្តពីរៀមច្បង និងជៀសឱ្យផុតពីគ្រឿងញៀន និងមិនធ្វើអ្វីដែលឆ្ងាយពីច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ទោះបីការរៀនសូត្របានបញ្ចប់វគ្គរួចហើយ តែក៏ត្រូវខិតខំស្វែងយល់ រៀនសូត្របន្តទៀតដោយខ្លួនឯងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
៣៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំខ្លឹមសារកម្មវិធីហ្វឹកហ្វឺនឱ្យបានស៊ីជម្រៅបន្ថែមទៀត ធ្វើយ៉ាងណាពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់អាចយកចំណេះជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបម្រើជាតិមាតុភូមិ និងត្រូវយកចិត្តទុកដាក់ក្នុងការថែទាំកន្លែងស្នាក់នៅថ្នាក់រៀនទីលាន និងគ្រឿងបំពាក់សម្រាប់បម្រើឱ្យការហ្វឹកហាត់ធានាបានសន្តិសុខ សុវត្ថិភាព ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស៕