ស្ថាប័នពន្លត់អគ្គីភ័យក្រុងណាហា ប្រទេសជប៉ុន ផ្តល់សម្ភារការពារពន្លត់អគ្គិភ័យដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលការងារសង្គ្រោះគ្រោះមហន្តរាយ និងលោក គីយោស៊ី ម៉ាសាយ Kiyoshi Masai ប្រធានកិត្តិយសរបស់អង្គការ JPR ប្រចាំកម្ពុជា បានទៅចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារការពារពន្លត់អគ្គីភ័យ។
សម្ភារការពារពន្លត់អគ្គីភ័យ រួមមាន៖ ខោអាវ ការពារពន្លត់អគ្គិភ័យ, ស្បែកជើងការពារពន្លត់អគ្គិភ័យ, មួកការពារពន្លត់អគ្គិភ័យ, ម៉ាស៊ីភ្លើង 1,5 KWA, ដួយពោងខ្យល់, ម៉ាស៊ីកាត់បេតុង, ទុយោបូមទឹកពន្លត់អគ្គិភ័យ, ហ្វ្រង់ការបត់ជាដើម។ សម្រាប់សម្ភារការពារពន្លត់អគ្គីភ័យទាំងនេះ ត្រូវបានផ្តល់ជូនដោយលោក តេរ៉ូយ៉ា ម៉ាសាហ៊ីរ៉ូ TERUYA MASAHIRO ប្រធានស្ថាប័នពន្លត់អគ្គិភ័យក្រុងណាហា ខេត្តអូគីណាវ៉ា Naha city, Okinawa ប្រទេសជប៉ុន ជួយដល់កងប្រតិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ និងលោក គីយោស៊ី ម៉ាសាយ Kiyoshi Masai ក៏បានជួបពិភាក្សាជាមួយលោក តេរ៉ូយ៉ា ម៉ាសាហ៊ីរ៉ូ TERUYA MASAHIRO ប្រធានស្ថាប័នពន្លត់អគ្គិភ័យក្រុងណាហា ខេត្តអូគីណាវ៉ា Naha city, Okinawa។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាពិសេសអង្គការ JPR ដែលបានជួយបង្កើតកងសង្គ្រោះ៧១១នេះ តាំងពីឆ្នាំ២០០៩ រហូតដល់សព្វថ្ងៃ ហើយ JPR ក៏នៅតែបន្តជួយផ្តល់សម្ភារ និងជួយបណ្តុះបណ្តាលដល់កងសង្គ្រោះ៧១១ កងពលតូចលេខ៧០កម្ពុជា។
នៅពេលឆាប់ៗខាងមុខនេះ អង្គការ JPR តាមរៈយលោក គីយោស៊ី ម៉ាសាយ Kiyoshi Masai នឹងបញ្ជូនគ្រូជំនាញពន្លត់អគ្គិភ័យនិងសង្គ្រោះឲ្យទៅជួយបណ្តុះបណ្តាលដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយចំណុះកងទ័ពជើងគោកថែមទៀតផង។
សមាជិក JPR ទាំងអស់នៅតែគាំទ្រ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ស្វែងរកជំនួយទាំងសម្ភារ និងបណ្តុះបណ្តាល ជួយដល់កងសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ នៃព្រះរាជាណាចក្រកម្ពុជាជានិច្ច ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើសកម្មភាពប្រតិបត្តិការឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្លាំងត្រៀមសង្គ្រោះបានល្អ ក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រជាជនជប៉ុន និងប្រជាជនកម្ពុជាអាចផ្សារភ្ជាប់ ទំនាក់ទំនងល្អ រវាងគ្នានឹងគ្នាយ៉ាងជិតស្អិតបន្តទៅមុខទៀត៕