យប់ថ្ងៃទី៨ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ៩២គ្រឿង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី៨ គឺយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង ក្នុងនោះរថយន្ត ចំនួន៤២គ្រឿង និងម៉ូតូ ចំនួន៥០គ្រឿង។
លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា “នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង (រថយន្ត ចំនួន៤២គ្រឿង, ម៉ូតូ ចំនួន៥០គ្រឿង) ដែលក្នុងមាន ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៧គ្រឿង អ្នកបើកបរម៉ូតូចំនួន០៩នាក់ អ្នកបើកបររថយន្តចំនួន១៨នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើងចំនួន៣៤គ្រឿង មានអ្នកបើកបរម៉ូតូចំនួន១៧នាក់ និងអ្នកបើកបររថយន្តចំនួន១៧នាក់ ចំពោះបទល្មើសផ្សេងៗ ចំនួន៣១គ្រឿង ក្នុងនោះអ្នកអត់មួកសុវត្ថិភាព ចំនួន២២គ្រឿង, ម៉ូតូបំពាក់បំពង់សុីមាំងចំនួន០១គ្រឿង, ម៉ូតូបើកបរបញ្ច្រាស់ទិសចំនួន០១គ្រឿង, ថយន្តអត់ប័ណ្ណបើកបរចំនួន០៦គ្រឿង និងរថយន្តបំពងសម្លេងចំនួន០១គ្រឿង”។
ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕