នាយឧត្តមសេនីយ៍ នាង ផាត អញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការ នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹក របស់ស៊ីម៉ាក់ នៅស្រុកលើកដែក
ភ្នំពេញ៖ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅការដ្ឋានបោសសម្អាតគ្រាប់ក្រោមទឹក ស្រុកលើកដែក ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងដែលលិចក្នុងទន្លេ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការ នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ នៅការដ្ឋានភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាស។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានក្រុមការងារអន្តរក្រសួង បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាអ្នកដឹកនាំក្នុងការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយក្នុងករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងបាតទន្លេក្នុងគោលបំណងរក្សាការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម រក្សាបាននូវភាពសុខសាន្តដល់ប្រជាពលរដ្ឋជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេរួមទាំងបានចូលរួមក្នុងការអភិវឌ្ឍជាតិផងដែរ។
បន្ថែមពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្តែងនូវការដឹងគុណ និងការកោតសរសើរដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រតិបត្តិការរបស់ខ្លួនប្រកបដោយលទ្ធផលផ្លែផ្កាដោយស្រង់គ្រាប់បានចំនួន ២១.៥៥៦គ្រាប់ និងដែកបំណែកនាវាចំនួនជាង ២២១តោន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្រង់យកគ្រាប់ជាបន្តទៅមុខទៀត។
ជាមួយគ្នានេះផងដែរ ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមការងារងអន្តរក្រសួង គ្រប់ក្រសួង ស្ថាប័ន ដែលបានសហការចូលរួមដោះស្រាយបញ្ហាការងារទាំងឡាយឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ជាពិសេសអង្គភាពស៊ីម៉ាក់ដែលបានដឹកនាំប្រតិបត្តិការផ្ទាល់លើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបាតទន្លេ ទទួលបានលទ្ធផលល្អប្រសើរ៕