ប្រមុខរាជរដ្ឋាភិបាល ឱ្យត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ កុម្ភៈ សម្តេចធិបតីបានថ្លែងអំណរគុណដល់ អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃ ហើយកសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានណែនាំ ឱ្យពិនិត្យ និងស្ដារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន ៕