ឯកឧត្ដមរដ្ឋមន្រ្តី អ៊ាង សុផល្លែត រកឃើញបញ្ហាប្រឈមចំនួន៣ ដែលបង្កជាហានិភ័យដល់បឹងទន្លេសាប
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរកឃើញនូវបញ្ហាប្រឈមចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញដល់បឹងទន្លេសាប។ បញ្ហាទីទាំង៣នេះ គឺបញ្ហាភ្លើងឆេះព្រៃ, ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា បឹងទន្លេសាប គឺជាឃ្លាំងស្ដុកសារធាតុប្រូតេអ៉ីនដ៏សំខាន់របស់កម្ពុជា ដែលមានន័យថា ជាកន្លែងនៃប្រភពត្រីចម្រុះរាប់រយប្រភេទសម្រាប់ជាតម្រូវការរបស់ប្រជាជនខ្មែររាប់លាននាក់ ជារៀងរាល់ឆ្នាំ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៃដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងរដ្ឋជាសមាជិកប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងឃុំកោះជីវ៉ាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រមួយនៃបឹងទន្លេសាប, លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាធានាកិច្ចការពារបរិស្ថានផង អភិរក្សាធនធានធម្មជាតិផង និងសំដៅជួយដល់ប្រជាសហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរប្រកបដោយនិរន្តភាព។
ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានឱ្យដឹងថា សម្រាប់បញ្ហាប្រឈមទី១ គឺបញ្ហាភ្លើងឆេះព្រៃ ដែលកំពុងក្លាយជាក្ដីបារម្ភមួយបង្កដល់ការបំផ្លិចបំផ្លាញបឹងទន្លេសាប។ ជាវិធានការចាំបាច់ជាបន្ទាន់ចំពោះមុខ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី ណែនាំឱ្យមានការចូលរួមទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃតទៅទៀត ហើយជាមួយគ្នានេះ ឯកឧត្ដមបានជំរុញការដាំដុះកូនឈើឡើងវិញឱ្យបានកាន់តែច្រើន ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ព្រមទាំងប្រជាសហគមន៍។
ចំពោះបញ្ហាភ្លើងឆេះព្រៃនេះ, ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កាលពីអំឡុងឆ្នាំ២០១៤ ក្នុងតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដមបានចុះមកកាន់តំបន់ព្រែកទាល់ កាលណោះឯកឧត្ដមមិនដែលបារម្ភអំពីបញ្ហាអ្វីទេ ដោយសារកម្ពស់ទឹកខ្ពស់ ព្រៃលិចទឹកក៏ច្រើន។ ប៉ុន្តែនៅឆ្នាំ២០១៦ ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃលិចទឹកអស់មួយចំនួនធំ ហើយបើទោះបីជាមានពេល ៨ឆ្នាំមកហើយក្តី ការស្តារព្រៃឡើងវិញនៅមិនទាន់បានដូចដើមនៅឡើយ។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាការពារកុំឱ្យមានភ្លើងឆេះព្រៃបន្តទៀត។
សម្រាប់បញ្ហាប្រឈមទី២ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន កត់សម្គាល់ឃើញនោះ គឺការទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប ធ្វើជាកម្មសិទ្ធិក៏បញ្ហាប្រឈមធំដែរ។ ការបំផ្លាញព្រៃលិចទឹក ដើម្បីទន្ទ្រានយកដីធ្វើស្រែ បានធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិក្នុងបឹងទន្លេសាប ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋប្រមាណ៦លាននាក់ ដែលទទួលបានផលប្រយោជន៍អំពីធនធានបឹងទន្លេសាប។ បញ្ហានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍នានាដើម្បីប្រឆាំងនឹងអ្នកបំផ្លាញធនធានធម្មជាតិ ក្នុងនោះក្រសួងក៏បានណែនាំឱ្យបញ្ចប់វប្បធម៌ចាប់បានធ្វើកិច្ចសន្យារួចដោះលែង ហើយងាកមកប្រើការអនុវត្តច្បាប់វិញ នោះគឺចាប់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ត្រង់ចំណុចនេះឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវដល់បុគ្គលមួយចំនួន ជាពិសេសអ្នកអំណាច គប្បីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងតំបន់បឹងទន្លេសាបបន្តទៀត ដោយត្រូវគិតពីផលប្រយោជន៍រួម ខណៈបឹងទន្លេសាប គឺជាប្រភពត្រីសម្រាប់ផ្កត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់។
សម្រាប់បញ្ហាប្រឈមទី៣ គឺការបម្រែបម្រួលអាកាសធាតុ ដោយឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហានេះពិបាកនឹងទប់ស្កាត់ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ ជាបញ្ហាសាកល។ ចំពោះបញ្ហានេះ បានធ្វើឱ្យបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអគ្នេយ៍ ប្រឈមនឹងបញ្ហាខ្លាំងបំផុត។
តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដោយផ្ដោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីស្តារគម្របបៃតង ស្តារព្រៃលិចទឹក តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤ទីតាំង និងយកកូនឈើទាំងនោះមកដាំដុះឡើងវិញ។ ជាមួយនឹងការដោះស្រាយបញ្ហាទាំងនេះ មិនអាចតែក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម ធ្វើតែឯងបាននោះទេ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទើបអាចទៅរួច។
សូមជម្រាបថា ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានធ្ងន់ៗ ដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប។ សម្តេចថាគ្មានដីណា ដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់ជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។ សម្តេចធិបតី ក៏បានប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣៕