អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្តាយមានជ័យ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ ប្រើហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។
លោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១២នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សូយ សារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ទៅលើជនរងគ្រោះឈ្មោះ លឿង សាលៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយឆ្មាខាងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមិនដឹងមូលហេតុបណ្ដាលឱ្យរងរបួសចំនួន០៣កន្លែង គឺត្រូវចំផ្ទៃមុខចំនួន០១កន្លែង(របួសធ្ងន់), ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំកដៃខាងស្ដាំចំនួន០១កន្លែង ។
ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ១-កាំបិតខ្វែវដងឈើប្រវែង៦៣ សង់ទីម៉ែត្រ ចំនួន០១ដើម,២-កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន០១ដើម ។
ការចុះឃាត់ខ្លួនជនសង្ស័យខាងលើ យោងតាមពាក្យបណ្ដឹងឈ្មោះ ហូ ស្រីភូត ហៅ កយ ភេទស្រី អាយុ៤២ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ន ភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានចូលឃាត់ ស្រាប់តែជនសង្ស័យតដៃវាយ ហើយប្រជាពលរដ្ឋតបតដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យដួល របួសក្បាលផ្នែកខាងក្រោយចំនួន០២កន្លែង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវ និងកូនកាំបិតចុង ស្រួច កាប់និងចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន មួយវិញទៀតកន្លងមកនៅពេលខ្លួនដើរតាមផ្លូវ ឱ្យតែជួបមនុស្សជិះម៉ូតូ ឬដើរតាមផ្លូវ ខ្លួនតែងតែដេញកាប់គេ និងស្រែកគំរាមទៀតផង៕