យប់ថ្ងៃទី១១ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ៧៨គ្រឿង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ គឺយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល សមត្ថកិច្ចឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង ក្នុងនោះរថយន្ត ចំនួន៣២គ្រឿង និងម៉ូតូ ចំនួន៤៦គ្រឿង។
លោកបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា «នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង (រថយន្តចំនួន៣២គ្រឿង, ម៉ូតូចំនួន៤៦គ្រឿង) ដែលក្នុងមាន ល្មើសជាតិស្រវឹង ចំនួន៤៥គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង អ្នកបើកបរម៉ូតូចំនួន០៥នាក់ អ្នកបើកបររថយន្តចំនួន០៨នាក់ ដោយឡែក កម្រិត ០.៤០ mg/L ឡើងចំនួន៣២គ្រឿង មានអ្នកបើកបរម៉ូតូចំនួន១៧នាក់ និងអ្នកបើកបររថយន្តចំនួន១៥នាក់ ចំពោះបទល្មើសផ្សេងៗ ចំនួន៣៣គ្រឿង ក្នុងនោះអត់ពាក់មួកសុវត្ថិភាព ចំនួន២៤គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរចំនួន០៩គ្រឿង»។
ក្នុងនោះផងដែរលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាមួយគ្នានោះលោកអ្នកនាំពាក្យបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ ៕